ដំណាំស្ពៃ របៀបដាំនិងការថែទាំ ១-ការរៀបចំដី និងការដាំ ចំពោះដីសំរាប់ ដាំស្ពៃខៀវ គាត់បានធ្វើការភ្ជួររាស់ឱ្យរាបស្មើ និងម៉ដ្ឋល្អ ...
ដំណាំស្ពៃ របៀបដាំនិងការថែទាំ
១-ការរៀបចំដី និងការដាំ
ចំពោះដីសំរាប់ ដាំស្ពៃខៀវ គាត់បានធ្វើការភ្ជួររាស់ឱ្យរាបស្មើ និងម៉ដ្ឋល្អ រើសស្មៅចេញឱ្យអស់ រួចដាក់ជីទ្រាប់បាត ដូចជា ជីអាចម៍គោ ។ បន្ទាប់មក គាត់លើកជារង ដែលមានទទឹងពី១ ទៅ១,២ម៉ែត្រ កំពស់២ទឹក បណ្តោយទៅតាមទំហំដី និងចន្លោះពីរងមួយ ទៅមួយ០,៥ម៉ែត្រ ។
គាត់ មិនបានធ្វើការសាបកូនទេ គឺគាត់ព្រោះគ្រាប់យកតែម្តង ដោយយកគ្រាប់លាយជាមួយផេះ ដើម្បីសាបឱ្យបានស្មើល្អ ។ ក្រោយពីព្រោះគ្រាប់រួចហើយ គាត់បានយកចំបើងគ្របពីលើ ដើម្បីការពារសត្វល្អិតចង្រៃ និងជំងឺផ្សេងៗ ។ រួចស្រោចទឹកមួយថ្ងៃ២ដង ព្រឹកម្តង និងល្ងាចម្តង។ ក្រោយពីព្រោះគ្រាប់បាន១សប្តាហ៍ គាត់បានដកចំបើងចេញវិញ ហើយនៅពេលដែលស្ពៃដុះបានរយៈពេលពី១៥ទៅ២០ថ្ងៃ គាត់ចាប់ផ្តើមធ្វើការដករំលោះកូនស្ពៃ ដោយទុកតែកូនស្ពៃណាដែលថ្លោសល្អ និងរក្សាចំងាយពីដើមមួយ ទៅមួយប្រវែង២តឹក ។
២-ការថែទាំ
ចំពោះការថែទាំ គាត់នៅតែបន្តការស្រោចទឹកមួយថ្ងៃ២ដងដដែល ។ រហូតដល់ស្ពៃធំ គាត់បន្ថយការស្រោចទឹកនៅមួយថ្ងៃម្តង។ បន្ទាប់ពីធ្វើការរំលោះកូនស្ពៃរួចមក គាត់ចាប់ផ្តើមធ្វើការដកស្មៅជ្រុំគល់ និងដាក់ជីបំប៉នបន្ថែមលើដំណាំដោយប្រើជីអ៊ុយរ៉េ១ស្លាបព្រា លាយទឹក១ប៉ោត ស្រោចបន្ថែមជួយដល់ការលូតលាស់ ។ ចំពោះជីធម្មជាតិ (លាមកសត្វគាត់ដាក់ទ្រាប់បាតរងតែម្តងប៉ុណ្ណោះ) ។
ចំពោះសត្វ ល្អិតដែលបំផ្លាញដំណាំមានដូចជា សត្វទៀកគូ ដង្កូវស៊ីត្រួយ ដង្កូវស៊ីស្លឹក ដង្កូវយោលទោង ។ រីឯជំងឺដែលគាត់ធ្លាប់ជួបប្រទះមានដូចជា ក្រាភ្លើង ក្រហមបណ្តូល និងរបួសត្រួយ។ ចំពោះវិធានការកំចាត់គឺគាត់ឧស្សាហ៍ចុះត្រួតពិនិត្យចាប់ដង្កូវ និងដកដើមដែលមានជំងឺចោល។
No comments